ភ្នំពេញ:ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ភាគីអ៊ុយក្រែនបានជ្រើសរើសយកទីក្រុង Gomel ដែលជាទីក្រុងមួយក្នុងប្រទេសបេឡារុស្ស ធ្វើជាកន្លែងសម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី។

លោក ប៉េស្កូវ បាននិយាយថា «ទីក្រុង Gomel ត្រូវបានស្នើឡើងដោយភាគីអ៊ុយក្រែនខ្លួនឯងជាកន្លែងសម្រាប់កិច្ចពិភាក្សា។ ដូចដែលយើងបាននិយាយហើយថា គណៈប្រតិភូរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាទាំងនេះ»។

លោក ប៉េស្កូវ បាននិយាយថា ប្រទេសរុស្ស៊ីនឹងមិនផ្អាកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនទេនៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាមួយភាគីអ៊ុយក្រែននោះ។

លោកបាននិយាយថា «សម្រាប់ប្រទេសរុស្ស៊ី យើងបានព្រមានដល់ភាគីអ៊ុយក្រែនហើយថា នៅពេលនេះ សកម្មភាពដែលបានស្នើឡើងដោយប្រតិបត្តិការយោធានឹងមិនត្រូវបានផ្អាកឡើយ ដូចដែលបានធ្វើកាលពីម្សិលមិញដូច្នោះដែរ»។

លោក ប៉េស្កូវ បាននិយាយកាលពីថ្ងៃសៅរ៍ថា កាលពីរសៀលថ្ងៃសុក្រ ដោយសារតែកិច្ចចរចាជាមួយក្រុងគៀវដែលត្រូវបានរំពឹងនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញបទបញ្ជាឱ្យបញ្ឈប់សកម្មភាពនៃកងកម្លាំងយោធារុស្ស៊ីសំខាន់ៗនៅក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាភាគីម្ខាងទៀតបានបោះបង់ចោលនូវកិច្ចសន្ទនាកាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ក៏ដោយ។ សកម្មភាពទាំងនោះបានបន្តឡើងវិញស្របតាមប្រតិបត្តិការដែលបានគ្រោងទុក។

កាលពីព្រឹកថ្ងៃអាទិត្យ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបាននិយាយថា គណៈប្រតិភូរុស្ស៊ីបានទៅដល់ប្រទេសបេឡារុស្សហើយ ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយភាគីអ៊ុយក្រែនតាមការព្រមព្រៀង។ គណៈប្រតិភូនោះរួមមានតំណាងក្រសួងការបរទេស ក្រសួងការពារជាតិ និងនាយកដ្ឋានផ្សេងៗទៀតរបស់រុស្ស៊ី រួមទាំងរដ្ឋបាលរបស់ប្រធានាធិបតីរុស្ស៊ីផងដែរ ដែលត្រូវបានដឹកនាំដោយជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ មេឌីនស្គី៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល