ភ្នំពេញ៖ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងត្បូងនឹងមានកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកនៅដើមខែក្រោយនេះ ជុំវិញការចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់ទណ្ឌកម្មទៅលើការនាំចេញប្រឆាំងនឹងទីក្រុងមូស្គូ បន្ទាប់ពីការលុកលុយរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។

ក្រសួងនេះបាននិយាយថា ខ្លួនឈានដល់សេចក្តីសម្រេចនេះ បន្ទាប់ពីកិច្ចប្រជុំក្រុមការងាររបស់ខ្លួនស្តីពីសង្គ្រាមនៅអ៊ុយក្រែន ដោយបាននិយាយបន្ថែមថា កិច្ចពិភាក្សានាពេលខាងមុខនេះជាមួយសហរដ្ឋអាមេរិកនឹងគ្របដណ្តប់ទៅលើដំណើរការនៃការចូលរួមការដាក់ទណ្ឌកម្ម និងការគ្រប់គ្រងការនាំចេញប្រឆាំងនឹងរុស្ស៊ី។

ក្រសួងនេះបាននិយាយបន្ថែមថា ខ្លួនក៏នឹងជូនដំណឹងដល់បណ្តាក្រុមហ៊ុននាំចេញនៅក្នុងស្រុក និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតអំពីវិធានការនេះ។

នៅពេលមុននេះ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសដាក់ការរឹតបន្តឹងទៅលើការនាំចេញផលិតផល និងបច្ចេកវិជ្ជាដែលមានប្រភពដើមពីសហរដ្ឋអាមេរិកទៅកាន់អង្គភាពយោធារុស្ស៊ីចំនួន ៤៩ រួមទាំងក្រសួងការពារជាតិរបស់ខ្លួនផងដែរ។ ការដាក់ទណ្ឌកម្មនេះអនុវត្តចំពោះឧបករណ៍អេឡិចត្រូនិក កុំព្យូទ័រ ទូរគមនាគមន៍ ឧបករណ៍សុវត្ថិភាពព័ត៌មាន ឡាស៊ែរ និងឧបករណ៍ចាប់សញ្ញា និងសម្ភារៈផ្សេងៗទៀតដែលផលិតនៅសហរដ្ឋអាមេរិក ឬសម្ភារៈបរទេសដែលផលិតដោយប្រើប្រាស់ឧបករណ៍ និងកម្មវិធីរបស់សហរដ្ឋអាមេរិក។

ប្រទេសរុស្ស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី១០ របស់កូរ៉េខាងត្បូង ដែលស្មើនឹង ១,៦ភាគរយនៃការនាំចេញរបស់ទីក្រុងសេអ៊ូលនៅក្នុងឆ្នាំ២០២១។ នៅក្នុងវិស័យមួយចំនួន ដូចជាគ្រឿងបន្លាស់រថយន្ត រចនាសម្ព័ន្ធដែក និងជ័រសំយោគ ការនាំចេញពាក់កណ្តាលរបស់កូរ៉េខាងត្បូងគឺនាំទៅប្រទេសរុស្ស៊ី។

ក្រសួងហិរញ្ញវត្ថុនេះក៏កំពុងធ្វើការទៅលើវិធានការនានាដើម្បីការពារដល់បណ្តាក្រុមហ៊ុនរបស់កូរ៉េខាងត្បូងក្រោមការដាក់ទណ្ឌកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដែលផ្តោតទៅលើបណ្តាធនាគាររបស់រុស្ស៊ីផងដែរ៕